អក្សរសាស្រ្តខ្មែរ

អក្សរសាស្រ្តខ្មែរ

ព្រះរាជជីវប្រវត្តិ

សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ
ព្រះរាជជីវប្រវត្តិ  
សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ ជាសម្ដេចព្រះសង្ឃរាជ អង្គទី៤ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់កាន់តំណែងពីព.ស.២៤៩២ ដល់ ព.ស.២៥១៣ ក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ។ ជាតិបរិច្ឆេទ (កំណត់អំពីជាតិ) សម្ដេចព្រះសង្ឃរាជ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស.២៤២៧ គឺថ្ងៃទី១១ ខែ មីនា គ.ស.១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ដេចមានព្រះជាតិក្នុងត្រកូលកសិករ ព្រះមាតានៃសម្ដេចនាម យក់ ព្រះបិតានាម ព្រហ្ម ជួន។ គ្រួសារនេះមានបុត្រតែពីរនាក់គឺ អង្គសម្ដេចព្រះសង្ឃរាជ និងលោកឧកញ៉ាសោភណ្ឌមន្ត្រី ជួន នុត ជាព្រះអនុជនៃ សម្ដេចព្រះសង្ឃរាជ។ កុមារបរិច្ឆេទ (កំណត់អំពីភាពនៃកុមារ) សម្ដេចកាលឋិតនៅក្នុងកុមារភាព មានព្រះជន្មាយុរវាង១២ឆ្នាំ ព្រះមាតាបិតាបាននាំយកទៅផ្ទុកផ្ដាក់ឲ្យរៀនសូត្រអក្សរសាស្ត្រ របស់ជាតិក្នុងសំណាក់លោកគ្រូសូត្រស្ដាំនាម កែ ម៉ម វត្តពោធិព្រឹក្ស ហៅវត្តពោល្យំ សង្កាត់រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បព្វជ្ជាបរិច្ឆេទ (កំណត់អំពីបព្វជ្ជា) លុះសម្ដេចមានព្រះជន្មាយុ១៤ឆ្នាំ បានបួសជាសាមណេរ ក្នុងថ្ងៃ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៤៤១ គ.ស.១៨៩៧ នៅបំពេញកិច្ចសិក្សានាវត្តពោធិព្រឹក្ស អស់រយៈកាលពីរឆ្នាំ ទើបចេញអំពីវត្តពោធិព្រឹក្សទៅរៀនសូត្រព្រះបរិយត្តិធម៌ ឯវត្តឧណ្ណាលោម ក្រុងភ្នំពេញ ក្នុងសំណាក់ព្រះពុទ្ធគ្រូ ទេព សោ នាកុដិថែវប្របកំពែងខាងជើងក្នុងកាលព.ស.២៤៤៣ គ.ស.១៨៩៩។ ឧប្បសម្បទាបរិច្ឆេទ (កំណត់អំពីឧបសម្បទា) សម្ដេច លុះបានព្រះជន្មាយុគម្រប់២១ព្រះវស្សាបានទ្រង់និមន្តត្រឡប់ទៅសូម ឧបម្បទាជាភិក្ខុ ក្នុងវត្តពោធិព្រឹក្សដែលជាវត្តដើមវិញ ដោយមានព្រះតេជព្រះគុណ ព្រះពុទ្ធឃោសាចារ្យ ម៉ា កេត សុវណ្ណប្បញ្ញោជាព្រះឧបជ្ឈាយ៍ កាលលោកនៅជាចៅអធិការវត្តពោធិព្រឹក្សមានព្រះតេជព្រះគុណ កែ ម៉ម មិស្សនាគោ ជាគ្រូសូត្រស្ដាំ និងព្រះតេជព្រះគុណ អ៊ឹម ខឹម តិក្ខប្បញ្ញោ ជាគ្រូសូត្រឆ្វេង សូត្របំពេញកិច្ចឧបសម្បទានៅថ្ងៃ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៤៤៨ គ.ស.១៩០៤។ សម្ដេចទ្រង់ទទួលព្រះនាមប្បញ្ញត្តិថា ជោតញ្ញាណោ លុះទ្រង់បំពេញឧបសម្បទាជាភិក្ខុភាពរួចហើយ ទ្រង់ក៏និមន្តត្រឡប់មកគង់នៅវត្តឧណ្ណាលោម ទទួលការសិក្សាគន្ថធុរៈវិញទៀត។ បរិយត្តិបរិច្ឆេទ (កំណត់អំពីការសិក្សា) សម្ដេចព្រះសង្ឃរាជ មានសេចក្ដីព្យាយាមប្រកបដោយថាមពលដ៏ក្លៀវក្លាក្នុងការសិក្សា ទាំងផ្នែកភាសាបាលី ទាំងផ្នែកភាសាឯទៀតៗ មានភាសាបារាំង ជាដើម។ ការសិក្សារបស់សម្ដេចព្រះសង្ឃរាជ មានជោគជ័យប្រសើរណាស់ ឃើញមានតែសម្ដេចសង្ឃរាជដែលរៀនចម្រើនលូតលាស់ មានល្បឿនឈ្នះលោកឯទៀតៗ។ សម្ដេចចាប់រៀនដំបូងមេសូត្រ ប្រែមូលកច្ចាយនៈ និងគម្ពីរធម្មបទអំពីព្រះពុទ្ធឃោសាចារ្យព្រះនាម ម៉ា កេត ដែលជាព្រះឧបជ្ឈាយ៍ នៃសម្ដេចព្រះសង្ឃរាជ។ សម្ដេចព្រះសង្ឃរាជ ដែលទ្រង់ចាប់រៀនវិជ្ជាណាមួយ មានវិជ្ជាបាលីជាដើម គឺរៀនដោយយកព្រះទ័យទុកដាក់ ខិតខំប្រឹងប្រែង ឥតមានបន្ធូរបន្ថយក្នុងការសិក្សានោះឡើយ។ សម្ដេចទ្រង់ទទួលការសិក្សានោះគឺ សិក្សាដោយឆន្ទៈដ៏មានកម្លាំងមែនទែន ពុំមែនសិក្សាវិជ្ជាណាមួយដោយលេងៗ ទេ។ វិជ្ជាខាងភាសាបាលី ភាសាសំស្ក្រឹត និងភាសាបារាំង សុទ្ធតែវិជ្ជាដែលប្រដាប់ដោយវេយ្យាករណ៍ហ្មត់ចត់ ជ្រាលជ្រៅលំបាករៀន លំបាកយល់ជាទីបំផុត ប៉ុន្តែសម្ដេចអាចរៀន អាចយល់ច្បាស់លាស់ ដោយឆាប់រហ័សគួរឲ្យកោតសរសើរពន់ពេកណាស់។ សម្ដេចទ្រង់ចេះដឹងយល់ធ្លុះធ្លាយចំពោះវេយ្យាករណ៍គ្រប់ភាសា ដែលសម្ដេចបានរៀន មានវេយ្យាករណ៍បាលីសំស្ក្រឹតជាដើម ទាំងអក្សរសាស្ត្ររបស់ជាតិ និងពាក្យពេចន៍ក្នុងផ្នែកវប្បធម៌បុរាណក៏សម្ដេចចេះចាំយល់ហេតុផល ជាច្រើនណាស់។ ភាសាសៀម ភាសាលាវ និងភាសាបារាំង ដែលសម្ដេចបានរៀន អាចនិយាយប្រាស្រ័យទាក់ទងនឹងជនជាតិសៀម ជាតិលាវ និងជាតិបារាំង បាន។ សម្ដេចឈ្លាសវៃប្រសព្វយកតម្រាប់តាមសំឡេងភាសាជាតិដទៃៗឲ្យស្រដៀង ឬដូចភាសាជាតិដទៃបាន។ ភាសាអង់គ្លេស និងភាសាវៀតណាម ក៏សម្ដេចបានរៀន អាចមើល សរសេរនិយាយ ប្រាស្រ័យបានច្រើនដែរ។ ក្នុងសម័យដែលសម្ដេចកំពុងសិក្សាវិជ្ជាខាងបាលីក្នុងរវាងគ.ស. ១៩១០ ឃើញថាសម្ដេចមានព្រះកិត្តិស័ព្ទល្បីថា ជាព្រះថេរៈ ស្ទាត់ជំនាញពូកែខាងភាសាបាលី អាចនិយាយភាសាបាលី បានជាងភិក្ខុ សាមណេរឯទៀត ដែលរៀនជាមួយគ្នាក្នុងសម័យនោះ។ នៅព.ស.២៤៥៧ គ.ស.១៩១៣ សម្ដេចទ្រង់បានចូលប្រឡងដេញប្រយោគក្នុងព្រះឧបោសថរតនារាម វិហារព្រះកែវមរកត ចំពោះព្រះភ័ក្ត្រព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ បាន៤ប្រយោគ ដែលជាប្រយោគជាន់ខ្ពស់បំផុតក្នុងសម័យនោះ។ ព.ស.២៤៥៩ គ.ស.១៩១៥ សម្ដេចទ្រង់បានប្រឡងជាប់លេខ២ បានទទួលការតែងតាំងជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ ដែលសព្វថ្ងៃមានឈ្មោះជាពុទ្ធិកវិទ្យាល័យសុរាម្រឹត។ ក្រៅពីភាសាខ្មែរ ដែលសម្ដេចទ្រង់បានស្រាវជ្រាវយល់ឫសគល់ពិតប្រាកដ សម្ដេចបានសិក្សាភាសាបាលី អាចអាន ឬសន្ទនាតាមសំនៀងជាតិបរទេសបានទាំងអស់ គឺសំនៀងលង្កា ភូមា មន សៀម និងលាវ ឥតមានទើសទាក់់ភ្លាំងភ្លាត់ឡើយ។ ព.ស.២៤៦៦ និង២៤៦៧ គ.ស.១៩២២ និង១៩២៣ សម្ដេចកាលនៅជាព្រះគ្រូសង្ឃសត្ថា (ជាមួយនឹងសម្ដេចព្រះពោធិវ័ង្ស ហួត តាត វជិរប្បញ្ញោ កាលនៅជាព្រះគ្រូសង្ឃវិជ្ជា) បានធ្វើជាសមណៈសិស្ស និមន្តទៅបំពេញវិជ្ជាខាងភាសាសំស្ក្រឹត និងអក្សរសិលាចារឹកជាដើម នៅសាលាបារាំងសែសចុងបូព៌ាប្រទេស នាក្រុងហាណូយ (វៀតណាម ខាងជើង) ក្នុងសំណាក់លោក ល្វី ហ្វឺណូត៍ (L. Finot) ជាតិបារាំងសេស ជាចាងហ្វាងសាលានេះ។ បេសកកម្មបរិច្ឆេទ (កំណត់អំពីការទទួលបម្រើកិច្ចការ) ព.ស.២៤៦៣ គ.ស.១៩១៩ សម្ដេចទ្រង់បានធ្វើជាសមាជិកនៃក្រុមជំនុំតែងវចនានុក្រមខ្មែរ ដែលទ្រង់ជាលេខាធិការ កាន់កិច្ចការផ្ទាល់ លុះត្រាបានចប់ចុងចប់ដើម។ ព.ស.២៤៦៩ គ.ស.១៩២៥ សម្ដេចបានធ្វើជាសមាជិក នៃក្រុមជំនុំពិនិត្យអក្ខរាវិរុទ្ធនៃសៀវភៅនានា ដែលសាលាបាលីជាន់ខ្ពស់ បោះពុម្ពផ្សាយ។ ព.ស.២៤៧០ គ.ស.១៩២៦ តមកជាច្រើនឆ្នាំ សម្ដេចបានទទួលការតែងតាំងជាមេប្រយោគ ក្នុងការប្រឡងយកវិញ្ញាបនប័ត្របឋមសិក្សាខ្មែរ និងការប្រឡងយកសញ្ញាប័ត្របឋមសិក្សាជាន់ខ្ពស់ បារាំង-ខ្មែរ នៅក្រុងភ្នំពេញ។ ព.ស.២៤៧១ គ.ស.១៩២៧ សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិក នៃក្រុមជំនុំផ្ទៀងសម្រេចខាងវចនានុក្រមខ្មែរ ហើយសម្ដេចទ្រង់បានទទួលភារៈធ្វើវចនានុក្រម តែមួយព្រះអង្គឯង ដរាបដល់បានចប់សព្វគ្រប់ បានបោះពុម្ពផ្សាយទាំងភាគ១ភាគ២ បាន៥គ្រាហើយ។ ក្នុងឆ្នាំដដែលនេះ សម្ដេចទ្រង់បានទទួលការតែងតាំងជា សមាជិកនៃក្រុមអភិបាលជំនុំផ្ដាច់ឆ្នាំ សម្រាប់បណ្ណាល័យកម្ពុជា ដែលសព្វថ្ងៃហៅថា វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ ព.ស.២៤៧៤ គ.ស.១៩៣០ សម្ដេចទ្រង់បានទទួលការតែងតាំង ក្នុងមុខងារជាចាងហ្វាងរង នៃសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ។ ក្នុងឆ្នាំដដែលនោះ សម្ដេចទ្រង់បានទទួលការតែងតាំងជា សមាជិកជំនួយនៃ ក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ។ ព.ស.២៤៧៦ គ.ស.១៩៣២ សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំខាងការ ស្រាវជ្រាវជ្រើសរើសរកពាក្យពេចន៍ក្នុងផ្ទៃ នៃកវីនិពន្ធខ្មែរបុរាណ ដើម្បីប្រមូលបញ្ចូលពាក្យទាំងនេះ ទៅក្នុងវចនានុក្រមខ្មែរ។ ព.ស.២៤៧៧ គ.ស.១៩៣៣ សម្ដេចទ្រង់បានទទួល ការតែងតាំងជាសមាជិក នៃក្រុមជំនុំពិនិត្យសៀវភៅដែលក្រសួងសិក្សាធិការជាតិ បោះពុម្ពផ្សាយ។ ព.ស.២៤៧៨ គ.ស.១៩៣៤ សម្ដេចទ្រង់បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំជ្រើសរើសពាក្យខ្មែរប្រៀបធៀបនឹងពាក្យបារាំង សម្រាប់ប្រើក្នុងកិច្ចការរាជការ។ ព.ស.២៤៧៩ គ.ស.១៩៣៥ សម្ដេចទ្រង់បានទទួលការតែងតាំងជាសាស្ត្រាចារ្យបង្រៀនភាសាបាលី សំស្ក្រឹត ខ្មែរ និងលាវ ប្រចាំថ្នាក់ទីបំផុតនៃមធ្យមសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ។

ប្រវត្តិអក្សរសាស្រ្តខ្មែរ

១.ប្រវត្តិកំណើតអក្សរសាស្រ្ត
មនុស្សយើងពីដើមប្រកបរបរ រកស៊ីផ្អែកទៅលើធម្មជាតិ ហើយប្រើកំលាំងផ្ទាល់មាន បរបាញ់ នេសាទ និង ដាំដំណាំបន្តិចបន្ទួច គ្រប់គ្រាន់សំរាប់តែចិញ្ចឹមគ្រយសារខ្លួន កុលសម្ព័ន្ធខ្លួនប៉ុណ្ណោះ ៕ សកម្មភាពសង្គមនាជំនាន់ នោះ មានតិចតួចស្តួចស្តើងជាអនេក ៕ ការទាក់ទងរវាងក្រុម និងកុលសម្ព័ន្ធ ក៏មិនសូវជាស្មុគស្មាញប៉ុន្មានដែរ គ្រាន់តែនិយាយ និងសំដីរកគ្នាទៅវិញទៅមក ក៏ជាការស្រេច ក៏ប៉ុន្តែកុលសម្ព័ន្ធដុះរាលរីកធំឡើង សកម្មភាពក្នុងសង្គម ក៏បែកសាយជាច្រើសណ្ថានឡើង ហេតុដូច្នេះមនុស្សងាកទៅរកគំនូស និង សញ្ញាផ្សេងៗ ដើម្បីសំគាល់របស់របរ សព្វសារពើ, ដើម្បីកត់ចំណាំទុកនូវ របៀបប្រើប្រាស់គ្រឿងផលិតកម្មផ្សេងៗដើម្បីទុកតមណែលឲកូនចៅ ខ្លួន នូវឧត្តមគតិ លទ្ធិគ្រប់ជំពូក…។ល។ ឥលូវប្រែក្លាយទៅជាអក្សរ រួចក៏មានផ្លែផ្កា ជាអក្សរសាស្រ្ត ដូចសព្វថ្ងៃ ។


អក្សរសាស្រ្តជាមែកធាងនៃវប្បធម៌ មិនមានចរិកដូចគ្នាទាំងអស់ទេ គឺជាប់នឹងសង្គម ដូច្នេះអក្សរសាស្រ្ត ត្រូវប្រែប្រួល ទៅតាមការ វិវត្តន៍សង្គមនៃមនុស្សជាដាច់ខាត៕
សង្គមសក្តិភូមិ មានអក្សរសាស្រ្តរបស់គេ ច្រើនផ្អែកទៅលើ សាសនា បុគ្គលមួយរូបៗ ដែលលើកតម្កើងជា តំណាង , អាទិទេព ,ព្រះឥន្ទ ,ព្រះម្ចាស់សួគ៌ ,ព្រះពោធិសត្វ, ព្រះពុទ្ធ ,យកកំណើតក៏មាន បុគ្គលនេះគីជាពូជខ្ពស់ ចុះពី ឋានលើ មកយកកំណើត មានឥទ្ធិពលជិះជាន់ បាញ់សំលាប់បានទាំងអស់ គ្មានច្បាប់ណាធំជាងបុគ្គលមួយ រូបនោះទេ ។
អក្សរសាស្រ្តសង្គមទុននិយម បង្វិលប្រជាជនឲអណ្តែតអណ្តូងយល់ឃើញថា លោកតាប្រាក់ធំជាង ព្រោះ អោយប្រជាជនខ្លាចនាយទុន ហើយគិតថានាយទុនជាម្ចាស់ធនធានក្នុងសង្គមទាំងអស់៕
អក្សរសាស្រ្តសង្គមនិយម មានចរិកប្រជាជាតិប្រជាជន និង វិទ្យាសាស្រ្តបានន័យថា ដឹកនាំប្រជាជនឲ ស្គាល់កំលាំងរបស់ខ្លួនលះបង់ចោលនូវជំនឿដែលគ្មានសមហេតុផល ។ អក្សរសាស្រ្តនេះផ្អែកលើវិទ្យាសាស្រ្ត ឲមនុស្សឃើញការពិតជាក់ស្តែង៕សង្គមសក្តិភូមិ ឬទុននិយមមានមនុស្សជិះជាន់មនុស្ស ធ្វើអោយមានទំនាស់ វណ្ណះជាបុព្វហេតុមួយធំជម្រុលសង្គមមនុស្សអន់ថយ ឲឡើងទៅសង្គមជឿនលឿន៕ ក្នុងសង្គមទុននិយម និងសង្គមសក្តិភូមិ មានអក្សរសាស្រ្តពីរយ៉ាងប្រឆាំងគ្នាបំរើ វណ្ណះរៀងខ្លួន អក្សរសាស្រ្តជឿនលឿនបដិវត្តន៍ និងអក្សរសាស្រ្តបដិកិរិយា ៕
អក្សរសាស្រ្តជឿនលឿនបដិវត្តន៍ មិនបានចងក្រងជាសៀវភៅទេ គឺកើតឡើងពីការនិយាយគ្នាពីមាត់មួយ ទៅមាត់មួយ ។ ម្យ៉ាងវិញទៀតអ្នកកាន់អំណាចនៅសម័យនោះ មិនយកចិត្តទុកដាក់ និងចារឬ បោះពុម្ពជាសាត្រាឲ ប្រជាជនរៀនទេតែបែរជាចង់លុបបំបាត់អោយសូន្យឈឹង៕
អក្សរសាស្រ្តបដិកិរិយា គឺជាសង្គមមនុស្សជិះជាន់មនុស្សបណ្តុះឲពួកកវីបំរើខ្លួនតែងចងជាច្បាប់ ៕ គេបញ្ចូលទៅក្នុងក្បាលប្រជាជនតែអក្សរសាស្រ្ត និងបំរើវណ្ណះខ្លាំងពូកែជិះជាន់គេតាំងពីកុមារដល់ចាស់ស្លាប់ ។
២.អក្សរសាស្រ្តខ្មែរ
អក្សរសាស្រ្តប្រែប្រួលជាប់ទៅតាមការវិវត្តន៍ សង្គមជានិច្ច។ ឆ្នាំ១៨៦៣ ពេលបារាំងដាក់ប្រទេសយើងជា ប្រទេសចំណុះ សង្គមខ្មែរជាសង្គមសក្តិភូមិមានកំអែលទាសភាព(ដូចមានទិញលក់មនុស្សជាដើម) និងកំអែល កុលសម្ព័ន្ធ(រស់នៅជាគ្រួសារដោយត្រកូលដូចគ្នា)។ គេជិះជាន់ប្រជាជនគ្រប់ជាន់ថ្នាក់។ ក្នុងរយៈ ចំណុំបារាំង រហូតដល់ឆ្នាំ ១៩៤៧ សង្គមខ្មែរនៅតែជារបបសម្បូណ៌ាជ្ញាសិទ្ធិរាជ ដដែលប្រកបដោយរបបអាណានិយមបារាំង សង្រ្គប់ពីលើផង។ ក្រោយសង្រ្គាមលោកលើកទីពីរ ១៩៤៥ លទ្ធិប្រជាធិបតេយ្យ បានហៀរចូលមកដល់ស្រុកខ្មែរ ក៏ដួចប្រទេសចំណុះផ្សេងៗ ។ ដូច្នេះហើយជនជាតិខ្មែរត្រូវអនុវត្តទៅតាមរបបថ្មីនេះ ។ ហើយប្រជារាស្រ្តខ្មែរក៏មាន រដ្ឋធម្មនុញ្ញ ១៩៤៧ តែការអនុវត្តន៍ពុំដែលបានពេញលេញឡើយ ព្រោះពួកបារាំង ដោយបានបញ្ជាពីចក្រភព អាមេរិកកាំង ៕
៣.អក្សរសាស្រ្តខ្មែរសម័យអង្គរ
ចាប់តាំងពីមានប្រជាជនខ្មែរមកដល់សតវត្សទី៧ ខ្មែរយើងមានភាសានិយាយមិនទាន់មានអក្សរនៅឡើយ រហូតដល់សតវត្សទី៨ យើងមានអក្សរសរសេរខ្លះតែមិនទាន់គ្រប់គ្រាន់ ។ អក្សរខ្មែរជំនាន់នោះជាអក្សរសំស្រ្តឹត លាយចំរុះនឹងអក្សរខ្មែរបុរាណ ដែលមានកត់ក្នុងសិលាចារិកទាំងនោះ(អក្សរខ្មែរបុរាណ)។ សិលាចារិកទាំងនោះ បានកត់ប្រវត្តិកសាង ឬ ច្បាំងនៅរជ្ជកាលរបស់ស្តេចណាមួយ ។ សម័យនោះគេសរសេរជាតម្រាផ្សេងៗ ដោយដីស លើស្បែកសត្វ ដែលធ្វើអោយមានពណ៌ខ្មៅ ម្ល៉ោះហើយតម្រាទាំងនោះក៏រលុបបាត់អស់ឥតសល់ គឺអន្តរាយដោយ អំណាចសត្វល្អិតៗ និងធាតុអាកាស មានតែជាតិថ្មទើបទប់ទល់គង់នៅបាន៕
៤.អក្សរសាស្រ្តខ្មែរក្រោយសម័យអង្គរ ឆ្លងតាមលង្វែក មកឧដុង្គរជ្ជកាលព្រះអង្គឌួង
ក្រោយពីសម័យអង្គររុងរឿងខាងសិល្បះល្បីល្បាញក្នុងសកលលោកប្រទេសខ្មែរបានជួបសង្រ្គាមជាញឹក ញាប់ ណាច្បាំងជាមួយប្រទេសជិតខាង ណាច្បាំងដណ្តើមរាជបល្ល័ង្គគ្នាក្នុងស្រុក ។ នៅសម័យនោះរបៀបសិក្សា
ធ្វើទៅតាមរបសក្តិភូមិ ។ កូនប្រុសអាយុ ៩ឆ្នាំ ឬ ១០ឆ្នាំ បានចូលទៅវត្តបំរើលោកគ្រូ ដាំទឹក ដងទឹក ដល់អាយុ ១៥ ឬ១៦ បានប្រែភេទចូលទៅបួសជាសាមណេរ បាន៥ទៅ៦ឆ្នាំបំពេញជាភិក្ខុភាព ឬមួយក៏សិក។ ក្នុងសម័យនោះ លោកសង្ឃជាសាលារៀន ហើយក៏ជាគ្រូបង្រៀន ជាអ្នកចេះដឹងជាងគេក្នុងតំបន់ស្រែចំការ ។ កូនក្មេងសម័យនោះ ច្រើនរៀនមន្តអាគមអូមអាមស្នេហ៍របៀនផ្សេងៗ រៀនធ្វើហោទាយ៕ តែប្រវត្តិសាស្រ្តបានធ្វើអោយយើងឃើញជាក់ ស្តែងវិធីបង្រៀនសក្តិភូមិនោះ មិនបានទប់ទល់ប្រជាជនឲនៅរហូតទេ ព្រោះការរីកចំរើន ឧស្សាហកម្មវិទ្យាសាស្រ្ត បានធ្វើអោយប្រជាជនមានគំនិតប្រាជ្ញាថ្មី ហើយបំរើខ្លួនពីរបបជាន់មុន៕
អក្សរសាស្រ្តចែកជាចង្កោមធំពីរ៖
១.អក្សរសាស្រ្តផ្សាយពីកវីចំណានៗ ដែលច្រើនទទួលការឧបត្ថមពីក្រុងលង្វែក និងឧដុង្គ ។
២.អក្សរសាស្រ្តប្រជាជនជាអក្សរសាស្រ្តបដិវត្តន៍ផ្ទុយ និងអក្សរសាស្រ្តផ្នែកទីមួយ។
អក្សរសាស្រ្តបដិកិរិយាៈ
គឺផ្សាយចេញពីលង្វែក និងឧដុង្គ ជាអក្សរសាស្រ្តកើតឡើងពីវណ្ណះ ខ្លាំងពូកែរៀងរហូត។ ក្នុងពពួកអក្សរសាស្រ្តផ្នេកនេះយើងអាចរាប់រឿងទាវ ឯក ,ច្បាប់ក្រមង៉ុយ ប្រុស ស្រី ។ល៕
អក្សរសាស្រ្តប្រជាជនៈ
គឺរឿងព្រេងដែលប្រជាជនបាននិយាយតៗគ្នា ពីមាត់មួយទៅមាត់មួយ មានដូចរឿង ធនជ័យ,អាឡ



ទ្រឹស្ដីអក្សរសិល្ប៍


តាមទស្សនៈនិយមបុរាណ លក្ខណៈមនុស្សក្នុងអក្សរសិល្ប៍គឺបានដល់អត្ថបទអក្សរសិល្ប៍ទាំងឡាយណាដែលបានលាតត្រដាងបញ្ហាមនុស្សឈានទៅដោះស្រាយបញ្ហាមនុស្សដែលបង្កើត​​បានជាបញ្ហារបស់មនុស្សនៅក្នុងអក្សរសិល្ប៍។ នៅក្នុងអក្សរសិល្ប៍ ទោះបីអ្នកនិពន្ធបានលើកតួអង្គ​​ផ្សេៗក្រៅពីមនុស្សមករៀបរាប់យ៉ាងណាក្ដីដូចជាតួអង្គអច្ឆរិយៈ តួអង្គសត្វ ធម្មជាតិ តួអង្គមនុស្ស ​គឺសុទ្ធតែបង្ហាញនូវតំណាងឱ្យតួអង្គមនុស្សពិតនៅក្នុងសង្គមជានិច្ច

ទម្រង់វេយ្យាករណ៍នៃនរនាម (បណ្ឌិត ឡុង សៀម កម្ពុជសុរិយា ១៩៩៧)

ទំរង់ខាងវេយ្យាករណ៍ នៃនរនាមដូចយើងបានឃើញរួចមកហើយ ឋានន្តរនាមនៅក្នុងក្រុមអភិជន CSS បានត្រូវចែកចេញជាបីផ្នែក ដោយយោងទៅតាមកម្រិតឧត្ដុង្គឧត្ដម នៃឋានន្តរនាមនីមួយៗ បានត្រូវសំដែងឡើង ឬត្រូវបង្កើតឡើងដោយពាក្យដើម ឬពាក្យតែមួយព្យាង្គ ហើយពាក្យទាំងនេះ អាចចាត់ទុកបានថា ជាពាក្យឫស ដែលត្រូវប្រើប្រាស់សំរាប់បង្កើតឋានន្តរនាមនៅក្នុងថ្នាក់ B និងក្នុងថ្នាក់ C ដោយអនុវត្តនូវបុព្វបទនីយកម្ម ។
បុព្វបទទាំងនោះ មានប្លែកៗពីគ្នា ក៏ប៉ុន្តែបុព្វបទសំខាន់ជាងគេគឺ ព្យញ្ជនៈ គល់អណ្ដាត K:ក ហើយនិង variantes ឬរូបប្រភេទផ្សេងៗ នៃបុព្វបទនេះ :
ឧទាហរណ៍ : កុ Ku – កុរុង Kurun
កំ kam – កំម្រតាង kammratan
ដូចយើងបានឃើញរួចមកហើយថា បុព្វបទអក្សរ « ក » និងរូបប្រភេទនៃបុព្វបទនេះ បានត្រូវប្រើប្រាស់នៅក្នុងភាសាខ្មែរ ។ មិនមែនគ្រាន់តែដើម្បីបង្កើតឋានន្តរនាមប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបង្កើតនរនាម នៅក្នុងភាសាបុរាណ ក៏ដូចជាក្នុងភាសាសម័យទៀតផង ។
កលាប្រភេទ Variantes នៃបុព្វបទ « ក » គឺ :
k- ក, ka – ក, kan- កង, kan – កញ, kan – កន
kam – កំ, kra – ក្រ
ក្នុងករណីភាគច្រើននៅក្នុងភាសាខ្មែរបុរាណ ក៏ដូចជាភាសាខ្មែរបច្ចុប្បន្ន ពាក្យនិមួយៗ មិនអាចមានព្យាង្គលើសពី ២ ឡើយ ។ ហើយពាក្យទ្វេព្យាង្គទាំងនោះ (ឬមួយព្យាង្គ ) គឺជាពាក្យសមាស ដែលមានរចនាសម្ព័ន្ធប្លែកៗ គ្នា កើតឡើងដោយវិធីសមាស ឬមួយជាពាក្យកម្លាយ ដែលកើតឡើងដោយការប្រើវិធីផ្នត់នីយកម្ម (affiixation ) ។ ការបង្កើតនរនាម ឬ ឋានន្តរនាម ដែលជាពាក្យសមាស ឬពាក្យកម្លាយ ក៏ត្រូវបានធ្វើឡើងតាមបែបដូចគ្នានឹងការបង្កើតពាក្យធម្មតា នៅក្នុងភាសាដែរ ។ បានសេចក្ដីថា ការបង្កើតនរនាម ឬ ឋានន្តរនាម ត្រូវបានធ្វើឡើងស្របទៅតាមក្បួនវេយ្យាករណ៍ និងន័យសូរវិទ្យានៃភាសា ដោយឈរលើមូលដ្ឋាននៃការបែងចែកនិយមន័យទៅតាមដែនសេម៉ង់ទិកនីមួយៗ (Champ Sémantique ) ។
នៅតាមសិលាចារឹកសម័យមុនអង្គរ និងអង្គរ គេប្រទះឃើញនរនាម ដែលកកើតឡើងពីពាក្យទោលផង ពីពាក្យសមាសផង និងកន្សោមពាក្យផង ។ ដូចយើងបានឃើញមកហើយ នរនាមគឺជាឯកតានៃភាសា ដែលជួនកាលបំពេញមុខងារជាសព្វនាម ដូច្នេះ គឺជាពាក្យដែលចេញមកពីនាមនាម (Substantif ) គុណនាម កិរិយាស័ព្ទ បកតិសំខ្យា (numiraux ) ។
នរនាម តាមសិលាចារឹកអាចបំបែកតាមបែបវេយ្យាករណ៍ ដូចតទៅ :
នរនាមកើតដោយ នាម នាម :
ឧទាហរណ៍ :
……………… k 327 tai sumalla « ផ្កាល្អ »
………………. k 138 va cau « ចៅ »
……………… k 22 ku kanval « កង្វល់ »
……………. k 878 tai pamnan « បំណង »
……………… k 352 si gandha « គន្ធា »
…………….. k 115 ku mala « កំរងផ្កា »
……………….. k 995 tai phka « ផ្កា »
………………… k 115 va sneha « ប្រេង, ស្នេហា »
………………… k 809 tai prasad « ប្រាសាទ »
………………. k 254 tai rddhi « ឫទ្ធិ »
…………………. k 18 ku suvarnna « សុវណ្ណ »
………………….. k 24 va vlen « ភ្លើង »
………………….. k 240 si svasti « សួស្ដី »
នរនាមកកើតដោយគុណនាម :
ឧទាហរណ៍ :
………………….. k 51 va men « ក្មេង »
………………….. k 562 va klan « ខ្លាំង »
………………….. k 149 va cpon « ច្បង »
………………….. k 139 va kci « ខ្ចី »
………………….. k 143 gho dum « ទុំ »
………………….. k 348 ten san « សាន្ដ »
………………….. k 366 si snvan « ស្ងួន
………………….. k 590 va amrta « អមត, មិនស្លាប់ »
………………….. k 99 si kamvra « កំព្រា »
………………….. k 669 vap vimala « ល្អ, គ្មានសៅហ្មង »
………………….. k 72 lon em « ផ្អែម, ស្រស់, ស្រទន់ »
………………….. k 207 vap dham « ធំ »
នរនាមកកើតដោយកិរិយាសព្ទ :
តាមសិលាចារឹកមុនសម័យអង្គ និងអង្គរ គេសង្កេតឃើញនូវនរនាមទាំងឡាយ ដែលតំណាងអោយភេទប្រុស និងស្រី ជាអ្នកធ្វើការនៅក្នុងព្រះវិហារនិងនៅក្នុងប្រាសាទនានា ។ នរនាមជាកិរិយាសព្ទទាំងនោះ ច្រើនមានប្រភពចេញមក ពីពាក្យខ្មែរ ហើយមានទំរង់ជាពាក្យមួយព្យាង្គ ។ តាមទំរង់សេម៉ង់ទិច របស់ពាក្យទាំងនោះ គេអាចសង្កេតឃើញនូវ មុខរបរ កិច្ចការរបស់មនុស្ស ដែលមានឈ្មោះបង្កបង្កើតឡើងដោយកិរិយាសព្ទ ។
ឧទាហរណ៍ :
………………….. k 480 ku rhal « រវល់ »
………………….. k 516 ku tvay « ថ្វាយ »
………………….. k 18 ku tpan « ត្បាញ »
………………….. k 248 va con « ចង ឬ សង់ »
………………….. k 810 ku jul « ជល់ »
………………….. k 133 va srek « ស្រែក »
………………….. k 137 tai sir « សរសេរ »
………………….. k 219 lon ket « កើត, ប្រសូត្រ »
…………………. k 327 tai pandan « បន្ទន់ »
…………………. k 327 gval pravat « កំសាន្ត, ក្រសាល »
នរនាម កកើតដោយសំខ្យាស័ព្ទ ( ចំនួន ) :
នរនាមកកើតឡើងដោយសំខ្យាស័ព្ទ ច្រើនជានរនាមសំគាល់នូវក្រុមមនុស្ស នៅស្រទាប់ក្រោម CSI ។
សំខ្យាស័ព្ទ ដែលគេបានប្រើប្រាស់សំរាប់បង្កើតនរនាម គឺសំខ្យាស័ព្ទក្នុងភាសាសំស្រ្កឹត ។
ឧទាហរណ៍ :
………………. k 207 vap ek « មួយ »
………………..k 451 va pancami «ប្រាំ »
………………. k 149 va chantti « ប្រាំមួយ »
………………..k 910 va saptami «ប្រាំពីរ »
……………….k 51 va daÇami « ដប់ »
……………….k 54 va trayodaÇi «ដប់បី »
………………k 324 gval trai « បី »
នៅតាមសិលាចារឹកសម័យមុនអង្គរ និងអង្គរខ្លះទៀត គេសង្កេតឃើញមានឈ្មោះជាច្រើន ដែលមានការប្រើសំខ្យាស័ព្ទ សំរាប់សំគាល់ឈ្មោះមនុស្សបែបនេះ ឬក៏តួលេខជាភាសាសំស្រ្កឹតអាចមានន័យទាក់ទងទៅនឹងមន្តអាគមគថា ឬ ទាក់ទងទៅនឹងឈ្មោះថ្ងៃ ឬ ខែ នៅក្នុងព្រហ្មញ្ញ សាសនា ឬមួយក៏បាតុភូមិបែបនេះ បានកើតមានឡើងដោយសារកង្វះខាតនៃពាក្យ សំរាប់ប្រើប្រាស់ក្នុងនរនាម ។
ក្នុងកាលៈទេសៈដទៃទៀត នរនាម មិនមែនគ្រាន់តែកើតឡើងដោយសព្វនាម គុណនាម កិរិយាស័ព្ទ ដែលមានរូបរាងជាពាក្យមួយព្យាង្គ ឬពីរព្យាង្គប៉ុណ្ណោះទេ ។ ជារឿយៗ គេសង្កេតឃើញថា នរនាមបានកកើតឡើង ឬមួយបានត្រូវបង្កបង្កើតឡើងដោយកន្សោមពាក្យដ៏វែង ដែលជាសមាសពាក្យ ឬក៏ជាឃ្លាប្រយោគដ៏តូច ដែលកកើតឡើងដោយការប្រើប្រាស់នាមស័ព្ទ+ កិរិយាស័ព្ទ ឬមួយ ក៏ កិរិយាស័ព្ទ +នាមស័ព្ទ ដែលជាបុព្វបទ ឬមួយក៏ជាឃ្លាដ៏តូចប្រកបដោយប្រធានកិរិយាស័ព្ទ និងបុព្វបទ ។
នៅក្នុងភាសាខ្មែរ ក៏ដូចជានៅក្នុងភាសាដទៃទៀត កាលណានរនាម ឬ ឋានន្តរនាម មានទំរង់កាន់តែវែង នោះគេសង្កេតឃើញថា នរនាម ឬ ឋានន្តរនាម ទាំងនោះ ត្រូវបានប្រកបដោយឧត្ដមភាពកាន់តែខ្ពង់ខ្ពស់ កាន់តែរុងរឿង ។
នរនាមកកើតដោយ នាម នាម :
ឧទាហរណ៍ :
……………… k 66 ku pka jhe « ផ្កា ឈើ »
……………… k 352 tai thmo ratna « ថ្មរ័ត្ន »
……………… k 258 khlon tem mulih« ដើមម្លិះ »
នរនាមកើតឡើងដោយ នាម +គុណនាម :
ឧទាហរណ៍ :
……………… k 669 tai sla khci « ស្លាខ្ចី »
……………… k 270 tai jen kres « ជើងតឿ »
……………… k 41 va muk kraham « មុខក្រហម »
……………… k 220 va sva khmau « ស្វាខ្មៅ »
នរនាមកើតឡើងដោយ នាម +កិរិយាសព្ទ :
ឧទាហរណ៍ :
……………… k 353 ku dik phik « ទឹកផឹក »
……………… k 353 lon thnai ket « ខាងកើតឬថ្ងៃរះ »
……………… k 766 lon thnai luc « ទឹកផឹក »
……………… k 138 va kanci ram « តាដែលរាំ »
ជាទូទៅ សមាសនាមដែលមានរូបមន្ត នាម + នាម + គុណនាម, មានទំនាក់ទំនងជាកម្មបំពេញបទរវាងធាតុផ្សំ ហើយធាតុផ្សំទី២ ពាក្យទី២ គឺជាធាតុកំណត់ធាតុផ្សំទី១។
ចំណែកសមាសនាម ដែលមានរូបមន្ត នាម +កិរិយាសព្ទ ទំនាក់ទំនងរវាងធាតុផ្សំ(គឺរវាងធាតុទាំង ២ ដែលជាសមាសភាពនៃនរនាម)គឺជាទំនាក់ទំនងតាមរូបមន្តកម្មបំពេញបទ ឬ ក៏ជាទំនាក់ទំនងបញ្ជាក់រវាងធាតុទី១ និង ធាតុទី ២ ដោយមានការបញ្ជាក់លក្ខណៈ ឬ គុណសម្បត្តិនៃនរនាម ។
តាមសិលាចារឹកសម័យមុនអង្គរ និងសម័យអង្គរ គេអាចប្រទះឃើញនូវ នរនាមជាច្រើន ដែលត្រូវបង្កបង្កើតឡើងតាមរូបមន្តនៃពាក្យរណ្ដំ ជួនកាលមានរណ្ដំព្យញ្ជនៈ ជួនកាលមានរណ្ដំស្រៈ។
ហើយលក្ខណៈពិសេសបែបនេះ តាមពិតទៅ ក៏គេអាចសង្កេតឃើញនៅក្នុងភាសាខ្មែរបច្ចុប្បន្នផងដែរ ។
ឧទាហរណ៍ :
…………… k 127 va tal tol «តលតោល»
…………….k 361 va cak cek « ចកចេក »
…………….k 357 ku har her «ហរហេរ »
…………….k 18 ku dap dip «ទបទិប »
……………k 877 ku man mon « មញមោញ »
…………..k 327 tai can can « ចនចាន »
ដូចយើងបានឃើញរួចមកហើយ នៅលើមូលដ្ឋាននៃវេយ្យាករណ៍ ឋានន្តរនាមនៅសម័យមុនអង្គរ និងអង្គរ បានត្រូវបង្កបង្កើតឡើងដោយវិធីប្រើបុព្វបទ (prefixe) ឬដោយពាក្យសមាសឬ « ពាក្យផ្សំ » ។
ប៉ុន្តែគេសង្កេតឃើញថា វិធីប្រើបុព្វបទ មានលក្ខណៈខ្លាំងក្លាញឹកញយជាងវិធីប្រើបទសមាសនៃពាក្យ ។ ជួនកាលនោះ បញ្ជាក់អោយយើងយល់ថា នៅក្នុងភាសាខ្មែរបុរាណ ការបង្កបង្កើតឋានន្តរនាម តាមបទសមាសជាវិធីសំខាន់នៅក្នុងភាសា តាមការប្រើបុព្វបទ គឺការប្រើផ្នត់ ជាវិធីសំខាន់ជាងគេ ហើយដែលមានលក្ខណៈខុសអំពីភាសាថៃ ឬវៀតណាម ។ មិនតែប៉ុណ្ណោះនៅក្នុងការបង្កបង្កើតនរនាមក្នុងក្រុមមនុស្សសាមញ្ញ CSI មានកំរិតកាន់តែខ្ពស់ជាងការបង្កបង្កើតឋានន្តរនាម ។
នរនាមក្នុងក្រុមមនុស្សសាមញ្ញ CSI បានត្រូវបង្កបង្កើតឡើងដោយវិធីប្រើបុព្វបទ ។ ជួនកាលពាក្យដើមតែមួយ បានត្រូវបង្កបង្កើតនរនាមពីរ ឬបី ផ្សេងៗ ទៀត ។ កាលណាយើងឃើញនរនាមណាមួយប្រកបដោយបុព្វបទ (préfix: ផ្នត់ដើម ) នោះយើងអាចសន្និដ្ឋានបានថា នរនាមនោះ ស្ថិតនៅក្នុងក្រុមមនុស្សសាមញ្ញ CSI ។
ឧទាហរណ៍ :
………..k 165 vap mauv «ម៉ៅ »
……….k 262 si khmau «ខ្មៅ »
……….k 269 vap ja «ជា »
………k 99 tai kanja «កញ្ជា »
………k 198 mratan I «ឥ»
………k 291 gho kan I « កន្អិ»
ការយល់ដឹងច្បាស់អំពីប្រព័ន្ធនៃការបង្កបង្កើតនរនាម សំរាប់មនុស្សសាមញ្ញធម្មតា អាចអោយយើងធ្វើការវិភាគរកពាក្យដើម ដែលគេបានយកមកប្រើនៅក្នុងនរនាម ។ តាមធម្មតា នរនាមជនសាមញ្ញធម្មតា កើតមកពីពាក្យកម្លាយ ដែលមានទំរង់ពាក្យពីរព្យាង្គ :
ព្យាង្គទី១ គឺបុព្វបទ ឬជាផ្នត់ដើម រីឯព្យាង្គទី២ គឺជាពាក្យធម្មតានៃភាសា គឺពាក្យដើម ។
ឧទាហរណ៍ :
……… k 198 (< jrai: k 106 ជ្រៃ )
……… k 343 (< yasa : យស )
…….. k 258 (< Çri : «សោភណភាព »)
…….. k 11 (< vrah k 600, ព្រះ )
……. k 221 (cina ចិន, ចិន )
………k 682 (yva យួន « យវន » )
យើងបានឃើញរួចហើយថា ភាគច្រើននៃនរនាមខ្មែរ បានត្រូវបង្កបង្កើតឡើងនៅលើមូលដ្ឋាននៃនាមស័ព្ទ គុណស័ព្ទ សំខ្យាស័ព្ទ ដែលជា Catégories grammaticales គឺជាផ្នែកខាងវេយ្យាករណ៍ ដើម្បីសំគាល់ពាក្យនៅក្នុងភាសាខ្មែរ ។
នៅក្នុងការសិក្សានរនាម ពាក្យទាំងនេះ បានត្រូវប្រើប្រាស់ មិនមែនសំរាប់តែសំគាល់ឈ្មោះ មនុស្សប៉ុណ្ណោះទេ ប៉ុន្តែសំរាប់សំគាល់នូវរូបសម្បត្តិ គុណសម្បត្តិជំនឿ វិជ្ជាជីវៈ លក្ខណៈផ្សេងៗ និងព្រឹត្តការណ៍ដ៏សំខាន់ៗ ដែលទាក់ទងទៅនឹងបុគ្គល ដែលគេត្រូវផ្ដល់នូវនាមឈ្មោះ ។
ជាទូទៅ ក្នុងការបង្កបង្កើតនរនាម មានប្រើវិធីប្រៀបធៀប រវាងអ្នកដែលត្រូវគេអោយឈ្មោះ ទៅនឹងវត្ថុដែលស្ថិតនៅក្នុងពិភពខាងក្រៅណាមួយ ហើយ ដែលមានជាប់ទាក់ទិនទៅនឹងបុគ្គលនោះ ។ មិនប៉ុន្តែប៉ុណ្ណោះ នរនាមភាគច្រើន បានត្រូវបង្កបង្កើតឡើងនៅលើវិធីប្រើពាក្យរណ្ដំ គឺរណ្ដំទាំងស្រៈ ទាំងព្យញ្ជនៈ ទាំងព្យាង្គ ហើយទោះបីវិធីនេះ មិនសូវត្រឹមត្រូវតាមសេម៉ង់ទិច ក៏ដោយ ក៏នៅក្នុងភាសាខ្មែរ ក្នុងភាសាមន ខ្មែរ ដទៃទៀត មានការប្រើប្រាស់ វិធីផ្ទួនពាក្យរណ្ដំ កាន់តែញឹកញាប់ឡើង ។
ជាទូទៅ យើងអាចចែកប្រភេទនៃ នរនាម តាមបែបសេម៉ង់ទិច ដូចតទៅ
នរនាមដែលបង្កបង្កើតឡើងនៅលើរូបលក្ខណៈ ដែលមានជាអាទិ៍ ពណ៌សម្បុរ ទំហំ កំពស់ ក្លិន សុខភាព ។ល។
ឧទាហរណ៍ ៖
……………………K 129 ku kmau ខ្មៅ
……………………K 01 va so ស
K 748           va kantran              កន្ដ្រោង
K 149           va ven                             វែង
K 129           ku sanvit                សង្វិត, ស្វិត
K 54   pon kantil               កន្ដិល
K 669           gho sugandha        ក្លិនក្រអូប
K 269           vap ja                    ជា, សុខ
K 352           va tamvek              ទំពែក
K 127           va tlos                    ថ្លោស
K 889           tai thne                            ខ្មៅស្រអែម
- នរនាមដែលត្រូវបង្កបង្កើនឡើង នៅឡើង នៅលើមូលដ្ឋាននៃគុណសម្បត្ដិ របស់បុគ្គល ឬនៅលើ លក្ខណៈចរិតខាងក្រៅ ៖
តាមធម្មតា នរនាមបែបនេះ មានចំនួនច្រើន ហើយនៅក្នុងភាសារខ្មែរ បច្ចុប្បន្ន ក៏កាន់តែច្រើន។
ឧទាហរណ៍ ៖
K 138           va kamru               គំរូ
K 127           ku kamvut              មានពុត
K 24   va jmen                  ឆ្នើង
K 14   kuvai                     វៃ, វាងវៃ
K 929 ku rhval                 រវល់
K 129 ku kmas                 ខ្មាស
K 175 va prasap              ប្រសប់
K 270 lon sam                  សម
K 270 gho pandan            បន្ទន់
- នរនាមដែលត្រូវបង្កបង្កើតឡើងនៅលើមូលដ្ឋាននៃរុក្ខជាតិ ៖
នរនាមបែបនេះ មានច្រើននៅក្នុងសិលាចារឹកខ្មែរ ហើយនៅក្នុងភាសាខ្មែរបច្ចុប្បន្ន គេតែប្រទះឃើញ មាននរនាម ដែលកកើនឡើងនៅលើមូលដ្ឋាននៃបរិដ្ឋានដែលមានជារុក្ខជាតិ។
ឧទាហរណ៍ ៖
K 129 ku svay                  ដើមស្វាយ
K 57   ku amvil                 ដើមអំពិល
K 263 ku smau                 ស្មៅ
K 310 ku srane                ដើមស្រងែ
K 155 ku amvau               ដើមអំពៅ
K 561 ku krahvan             ដើមក្រវ៉ាញ
K 155 va candana            ដើមខ្លឹមច័ន្ទ
K 151 va trahva               ដើមត្រាវ
K 561 klon trasok             ត្រសក់
K 873 tai khnor                ខ្នុរ
K 808 tai ulik                    ឪឡឹក
K 143 lon jrai                             ជ្រៃ
K 76   ku sla                    ស្លា
K 480 ku sru                    ស្រូវ
K 153 tai krvac                 ក្រូច
ក្នុងចំណោមឈ្មោះដែលមានស្រង់ចេញពីពិភពរុក្ខជាតិ ដែលសំរាប់បង្កើតនរនាម គេតែងប្រទះឃើញ ឈ្មោះផ្កា ឬឈ្មោះផ្កាឈើដែលមានប្រើប្រាស់សំរាប់យកទៅដាក់ឈ្មោះ “នារី”។
ពាក្យ “ត្រសក់ < ត្រសោក” បានត្រូវប្រើប្រាស់សំរាប់តែដាក់ឈ្មោះ “បុរស” ហើយមិនមែនជាការប្លែក អ្វីទេ ដែលគេប្រទះឃើញប្រវត្ដិសាស្ដ្រមានព្រះមហាក្សត្រមួយអង្គ ព្រះនាម “ត្រសក់ផ្អែម”។
ឈ្មោះដើមឈើ ច្រើនតែប្រើប្រាស់ដើម្បីបង្កើតនរនាម ដែលជាឥស្សរជនដ៍សំខាន់ ហើយដែលមានកំរិត ឧត្ដមភាពដ៏ខ្ពង់ខ្ពស់ គឺកំរិតនៃឧត្ដមភាពស្របទៅតាមទំហំ ប្រភេទ និងកំរិតនៃការគោរពទាក់ទងទៅនឹងដើម ឈើទាំងនោះ។
ឧទាហរណ៍ ៖ នរនាមដែលមានប្រើប្រាស់ឈ្មោះដើមឈើ “ជ្រៃ” ដែលគេតែងតែចាតទុកជាដើមឈើជា ទីសក្ការៈ ហើយដើមជ្រៃនេះ ត្រូវគេបានប្រើប្រាស់សំរាប់ដាក់ឈ្មោះដល់បុគ្គល ដែលមានឋានន្ដរនាមដ៏ខ្ពង់ខ្ពស់។
- នរនាមដែលត្រូវបង្កបង្កើតឡើង ដោយការប្រើប្រាស់ឈ្មោះសត្វ ៖
ឧទាហរណ៍ ៖
K 109 vaanrok                 គោព្រៃ
K 765 va trases                ត្រសេស
K 447 va kla                    ខ្លា
K 54   va jlen                    ឈ្លើង
K       va dhe                             ភេ
K 129 ku antek                 អណ្ដើក
K 711 ku cam                            ឆ្មា
K 66   va cake                  ឆ្កែ
K       sv tuvau                 តាវ៉ៅ
K 809 tsi tanke                 តុកកែ
K 327 si pau skar             ស្កា
K       lon go                    គោញី
K       lon hansa               យានជំនិះព្រះវស្ណុ ៖ ហង្ស
ឈ្មោះសត្វដែលគេបង្កើតនរនាម សម័យអង្គរ និងនៅក្រោយសម័យអង្គរ គឺត្រូវបានគេប្រើប្រាស់ជាញឹក ញាយ          ដើម្បីបង្កើតនរនាមនៃជនជំពូក CSI “សាមញ្ញ ជន” តែប៉ុណ្ណោះ។
នៅក្នុងករណីខ្លះ នរនាមនៃអភិជន បានត្រូវបង្កើតឡើងដោយដាក់តាមឈ្មោះសត្វ ជាភាសាសំស្ក្រឹត។
នៅក្នុងសិលាចារិក គេតែងប្រទះឃើញនរនាម “ cke, cake ”។ ការប្រើប្រាស់ជាញឹកញាប់នូវឈ្មោះនេះ ដើម្បីដាក់ប្រើនូវឈ្មោះមនុស្ស គឺមិនមែនជាការថោកទាបដល់ជនដែលមានឈ្មោះបែបនោះទេ។ ប្រហែលនៅ សម័យបរមបុរាណ មាននៅប្រពៃណីប្រកបដោយការគោរពសត្វ។
ដោយមានការពន្យល់ថា សត្វក៏ជាអ្នកមានដើមកំណើតដូចជាមនុសដែរ ឬ ក៏របស់ជនជាតិ។ ហើយ គំនិតបែបនេះ រមែងស្ថិតនៅក្នុងសន្ដានចិត្ដជនជាតិអូស្ដ្រាលី – អាស៊ីយ៉ាទិច ជនជាតិ មន – ខ្មែរ។
នៅក្នុងសិលាចារឹកខ្មែរ មាននរនាម ដូចតទៅ ៖
ឧទាហរណ៍ ៖
K 134 tai aji chke              នារី អ្ជី ឆ្កែ “នារីមានជីដូនជីតា
មានឈ្មោះថាឆ្កែ”។ឥ
- នរនាមដែលត្រូវបង្កបង្កើតឡើងដោយឈ្មោះកាល ឈ្មោះថ្ងៃ ឈ្មោះខែ ៖
ឧទាហរណ៍ ៖
K 373 ten candra             ចន្ទ
K 348 lon angara             អង្គារ
K 22   va sau                             សៅ
K 127 kuphkay                 ផ្កាយ
K 143 khlon aditya            អាទិត្យ
K 230 lon vrahaspati                  ព្រហស្បតិ៍
K 54   va purnnnami                   បូណ៌មី
- នាមដែលបង្កបង្កើនដោយការប្រើប្រាស់នូវឈ្មោះ ទេវៈ ឈ្មោះ វរបុរសនៅក្នុងទេវកថា ៖
គេតែងសង្កេតឃើញថា ការដាក់ឈ្មោះមនុស្សតាមនាមនៃទេវៈ ឬនាមវរជននៅក្នុងទេវកថា រមែងទាក់ ទងជំនឿតាមព្រហ្មញ្ញសាសនា ឬពុទ្ឋសាសនា។ ប៉ុន្ដែគេតែងសង្កេតឃើញថា នាមនៅព្រហ្មញ្ញសាសនា បានត្រូវ ប្រើប្រាស់យ៉ាងញឹកញាប់នៅក្នុងពុទ្ធសាសនា។ ការដាក់ឈ្មោះតាមទេវៈ ឬមួយតាមឈ្មោះនៃពេលវេលា ឬរមែង យោលទៅតាមការទស្សន៍ទាយ នៃថ្ងៃខែកំណើតរបស់បុគ្គល ដែលគេត្រូវដាក់ឈោះ ហើយរបត់របែបនេះ គឺ មាននៅកន្នុងភាសាខ្មែរបច្ចុប្បន្ន។
ឧទាហរណ៍ ៖
K 61   ten krsna               ក្រឹស្នា
K 809 ten sita                            សីតា
K 221 lon rama                រាមា
K       lon kama                ព្រះកាមៈ
K       si varuna                ភ្លៀង
K 938 ten laksmiលក្ម្សីណ
K 852 tennsarasvatiសរស្វតី៖ មហេសី ព្រះព្រហ្ម
K 143 mratan khlon visnu ព្រះវិស្ណុ
K 720 tavrahma ព្រះព្រហ្ម
K 91 kammratana indra ព្រះឥន្ទ
- នរនាមដែលត្រូវបង្កបង្កើតឡើង លើមូលដ្ឋាននៃវិជ្ជាជីវៈ នរនាមបែបនេះមានសារកសំខាន់ ដោយហេតុថា ការសិក្សានាមឈ្មោះទាំងនេះ តាមរយៈនៃការពន្យល់ ពាក្យ អាចបង្ហាញអោយយើងឃើញនូវប្រកបកការងារ នាសម័យនេះ ។
ឧទាហរណ៍ ៖
K 24   ku tman                 អ្នកត្បាញ
K 66   ku camren              អ្នកចំរៀង
K 786 ku cmam                អ្នកចាំ
K 877 ku cpar                            អ្នករក្សាច្បារ
K 138 va cam                            អ្នកចំលាក់
K 115 va ram                            អ្នករាំ
K 904 va tamnam             អ្នកដាំដំណាំ
K 155 va cappi hau ចាប់ + ដើម្បី + ហៅ ៖ អ្នកប្រគួត
K 650 si knet ខ្នើត
ពាក្យខាងឆ្វេង netអាចពន្យល់បានថាជានរនាម ឬមួយជារហសនាម សំរាបសំគាល់នូវមនុស្ស ប្រុសដែលត្រូវការ តាំងពីថ្ងៃ ១កើត រហូតដល់ ១៥ កើត។
ផ្ទុយពីពាក្យនេះ គឺ “រនោច” ដែលគេប្រើជានរនាម សំរាប់សំគាល់នូវអ្នកធ្វើការ ពីថ្ងៃ ១ រោជ រហូតដល់ ១៥ រោជ។ បានសេចក្ដី ទៅមុនសម័យអង្គរ និងសម័យអង្គរ អ្នកបំរើទាំងប្រុសទាំងស្រី មានភារៈនឹងបំពេញ ការងាររបស់ខ្លួននៅក្នុងវត្ដអារាម ឬបំពេញការងារដទៃទៀត ជាប្រយោជន៍រួម ឬបំពេញការងាររាជការ ជាកិច្ច ការរបស់រាជ្យ តាមកំណត់ពេល គឺ ខ្នើត និងរនោច។
- នរនាមបង្កបង្កើតឡើងនៅលើមូលដ្ឋាននៃស្ថាននាម ឬមួយលើមូលដ្ឋានរបស់ឈ្មោះនៃជនជាតិ ៖
ឧទាហរណ៍ ៖
K 66   ku pan ran    នារីមកពីស្រុកប៉ាងរ៉ាង ទីក្រុងប៉ាងរ៉ាង នៅស្រុកចម្ប៉ា
K 165 kurek java              នាហ្មីន ៖ មានកំណើតជាជ្វា
K 557 va lavo                            បុរស (មកពីស្រុក) ល្វោ
K 926 va raman               បុរស (ជនជាតិ) មន
K 79   va syam បុរស ជនជាតិ) សៀម
K 24   va klin បុរស (ជនជាតិ) ក្លឹង
K 561 kurak danle krohva ស្ដេចក្រាញ់ទន្លេក្រៅ
K 207 kamsten vraitampon មហាមន្ដ្រី ព្រៃបាត់ដំបង
នរនាមទាំងឡាយដែលត្រូវបានបង្កបង្កើតឡើង ដោយការប្រើពាក្យទាក់ទងនឹងនាមឈ្មោះរបស់ជនជាតិឬទាក់ទងទៅនឹងឈ្មោះ និងឈ្មោះន្លែង នរនាមទាំងអស់នោះ មាអត្ថន័យដ៏សំខាន់ នៅក្នុងការសិក្សាពី ស្រទាប់ប្រជាជន ដែលបានរស់នៅលើទឹកដី នៃប្រទេសកម្ពុជា សម័យមុនអង្គរ និងសម័យអង្គរ ហើយដែលកំពុងរស់នៅតទៀតរហូតដល់សព្វថ្ងៃ។
តាមសិលាចរឹកមុនអង្គរ នៅលើមូលដ្ឋាននៃនរនាម យើងបានឃើញថា ជនជាតិ ក្លឹងចាមមន(រមញ) ប្រៅ (ប្រាវ ៖ ពៅ) ហើយជាពិសេស ជនជាតិសៀម ស្យាម៖ ស្យាំ) ព្រមទាំងជនជាតិឡាវ។ហើយនៅ សម័យអង្គរ មូលដ្ឋានសិលាចារឹក នរនាមដែលគេបានប្រទះឃើញនូវការប្រើពាក្យ៖
cina ចិន
yvan យួន នៅក្នុងឈ្មោះកញ្ញ យួន
តាមសិលាចារឹកមុនអង្គរ រកឃើញនៅខេត្ដកំពង់ស្ពឺ មានការបៀបរាប់អំពីអ្នកបំរើ “រមញ” គឺជាភស្ដុតាង បញ្ជាក់ថា ជនជាតិមនមានរស់នៅតាំងពីសតវត្សទី ៦ ហើយរស់នៅរហូតដល់ខេត្ដកំពង់ស្ពឺ រហូតដល់សព្វថ្ងៃ គេ មិនទាន់ស្រាវជ្រាវឃើញនូវស្រទាប់ចាស់នេះនៅឡើយ។ ប៉ុន្ដែ នៅក្នុងខេត្ដកំពង់ស្ពឺសព្វថ្ងៃ ក៏នៅបន្សល់ឈ្មោះ ស្រុកមួយថា “ស្រុកច្បារមន” ដែរ។
ឯកសារបែបនេះសំខាន់ណាស់ ហើយអាចប្រើប្រាស់នៅក្នុងក្របខណ្ឌនៃជាតិពិន្ធុវិទ្យា ដើម្បីស្រាវជ្រាវ រកប្រវត្ដិនៃជនជាតិ មន-ខ្មែរ ជនជាតិដែលមានគំនិត សាច់ញាតិ ជាប្អូនបង្កើត ឬនិយាយឱ្យខ្លីទៅជាជនជាតិត្រ មួយ។
បញ្ហាធំដែលចោទឡើងគឺថា មន-ខ្មែរ ដែលមានជនជាតិតែមួយបានកើតឡើង នៅសម័យប្រវត្ដិសាស្ដ្រ គឺ ពីរពាន់ ឬ មួយពាន់ឆ្នាំ មុន គ.ស. ឬក៏នៅសម័យប្រវត្ដិសាស្ដ្រ ដើម គ.ស. រហូតទៅដល់ការបាក់បែកនៃនគរភ្នំ។
នៅតាមសិលាចារឹកសម័យមុនអង្គរ មានអ្នកបំរើ ឬអ្នកជា ដែលមានឈ្មោះ “ស្យាម” ហើយអ្នកទាំង នេះ ច្រើនមានឈ្មោះនៅតាមសិលាចារឹកតាមមាត់ទ្វា តាមអាស្រម។
យើងមិនអាចសន្និដ្ឋានបានថា ពាក្យ “ស្យាម” ឬ “សៀម” ជាពាក្យសំរាប់សំគាល់ជនជាតិថៃបានទេ ដោយុហេតុថា នៅក្នុងភាសាសំស្ក្រឹត ពាក្យ “ស្យាម” មានន័យថាច្រើនយ៉ាង។ ប៉ុន្ដែ ន័យដ៏សំខាន់ គឺ “ពណ៌ខ្មៅ, ស្រអែម”។
ក៏ប៉ុន្ដែ យោងទៅលើសិលាចារឹក យើងអាចសន្និដ្ឋានបានថា នៅសម័យមុនអង្គរ និងអង្គរ មានកុល សម្ពន្ឋនេះ នៅក្នុងអារាមហើយមកដល់រជ្ជកាលព្របាទសូរ្យវរ្ម័ន មានពួកសៀមចូលមកធ្វើការនៅក្នុងជួរកងទ័ព ខ្មែរ ដូចមានរូបភាពតាមប្រាសាទអង្គរវត្ដ។ ហើយមានអក្សរចារឹកថា សៀម ម្នាក់ឈ្មោះ syam kuk។
នរនាមដែលយកឈ្មោះទីកន្លែងមកប្រើ បញ្ជាក់អោយយើងដឹងថានរនាមនោះ មានលក្ខណៈជាឋានន្ដរ នាមផង ជានាមឈ្មោះ ឬក៏មិនសូវហ៊ានហៅឈ្មោះបុគ្គលនោះឱ្យចំតែម្ដងទេ។ ប៉ុនន្ដែ គេយកឋានន្ដរនាម និង ឈ្មោះទីកន្លែងដែលបុគ្គលនោះនៅគ្រប់គ្រង មកប្រើជំនួសតាមឈ្មោះផ្ទាល់របស់បុគ្គលនោះទៅវិញ។
ឧទាហរណ៍ ៖
kamsten vrai tampon
K 107 “ចៅហ្វាយខេត្ដព្រៃតំបង”
ហើយនៅក្នុងពាកនោះ គេសង្កេតឃើញថា “ព្រៃតំបង” ជាតំបន់នៅតាមសិលាចារឹក សម័យមុនអង្គរ និងអង្គរ។ មាននរនាមនៃបុគ្គលជាខ្ពស់ជាច្រើនហើយនរនាមទាំងនេះ ជានរនាមជាភាសារសំស្ក្រឹត គឺជានាមជា ភាសារសំស្ក្រឹត គឺជានាមឈ្មោះព្រះមហាក្សត្ររាជកូលមហាមន្ដ្រី ព្រះគុរុ បានត្រូវគេប្រើប្រាស់សំរាប់បង្កបង្កើត ឈ្មោះរាជធានី ឈ្នោះខេត្ដ ស្រុក ព្រះវិហារ និង និងសំណង់ទំនប់តឹកដីសំខាន់ៗ ជាដើម។ ទំលាប់យកឈ្មោះ មនុស្សទៅដាក់ទីកន្លែង មិនមែនមានទំលាប់សំរាប់តែជនជាតិខ្មែរទេ ប៉ុន្ដែសំរាប់ជនជាតិដទៃជាច្រើន ដូចជា ជនជាតិឥណ្ឌូអឺរ៉ុប ជាដើម។
ហើយបញ្ហានេះ នឹងត្រូវសិក្សានៅក្នុងផ្នែកភាសាវិទ្យាមួយទៀត ដែលទាក់ទងទៅនឹងប្រវត្ដិវិទ្យាផង ភូមិវិទ្យាផង និងស្ថាននាមវិទ្យាផង Toponymie។
ដោយសាស្ដ្រាចារ្យ បណ្ឌិត ឡុង សៀម
ព្រឹទ្ធសហការី នៃបណ្ឌិតសភាវិទ្យាសាស្ដ្រ (វិទ្យាស្ថានបូព៌ាសាស្ដ្រ) សហព័ន្ធរុស្ស៊ី

អំពី អក្សរសិល្ប៍ ពាក្យរាយ

អំពីរឿងពិត និង រឿងប្រឌិត
១. ដូចម្តេចដែលហៅថា រឿងពិត​ ?
រឿងពិត ជារឿងដែលអ្នកនិពន្ធយកតែព្រឹត្តិការណ៍ ទីកន្លែងពិត មនុស្សពិតមក​និយាយ ដោយគ្មានការបំភ្លៃឡើយ។
២. ដូចម្តេចដែលហៅថា រឿងប្រឌិត​ ?
រឿងប្រឌិត ជារឿងដែលកើតឡើងពិមនោគតិរបស់អ្នកនិពន្ធ ដែលលើកឡើងពី​បញ្ហាមនុស្ស និងជីវិតមនុស្ស។ តាមធម្មតាអ្នកនិពន្ធតែងរឿងប្រឌិត ដោយផ្អែកលើ​ព្រឹត្តិការណ៍ ដែលមានពិតក្នុងជីវិតជាក់ស្តែង។ ដូចនេះ ជួនកាលតួអង្គ និងព្រឹត្តិការណ៍រឿងប្រឌិត ក៏មានលក្ខណៈហាក់ដូចជារឿងពិតដែរ។ រឿងប្រឌិត​ច្រើនតែឆ្លុះបញ្ចាំង សំណូមពររបស់ប្រជាជន។
រឿងប្រឌិតមានច្រើនប្រភេទ ៖ ប្រឌិតកថា នវកថា តំណាលកថាប្រជាប្រិយ ។

​​​​ចំណាំ ៖ តំណាលកថាប្រជាប្រិយ ចែកចេញជា ៖ ទេវកថា ព្រេងកថា និទានកថា ល្បើកកថា។

អំពីរឿងតំណាលកថាប្រជាប្រិយ
​​​​តំណាលកថាប្រជាប្រិយ ចែកចេញជា ៖ ទេវកថា ព្រេងកថា និទានកថា ល្បើកកថា ។
អំពីព្រេងកថា
ព្រេងកថា  គឺជាប្រភេទតំនាលកថាប្រជាប្រិយ ។ ព្រេងកថា ផ្អែកលើ ព្រិត្តិការណ៍ប្រវត្តិសាស្រ្តជានិច្ច។ តួអង្គព្រេងកថា​មានទំនាក់ទំនង​តិច រឺ ច្រើនជាមួយនិង វិរៈ​បុរសជាតិជានិច្ច ។
ឧទាហរណ៍  រឿងព្រះថោងនាងនាគ រឿងអ្នកតាឃ្លាំងមឿង ។ល។
អំពីទេវកថា
ទេវកថា គឺជាផ្នែកមួយនៃប្រឌិតកថា។ ទេវកថាគឺតំនាលកថា ស្តីពីការយល់ដំបូង របស់មនុស្ស ពីប្រភពកំណើត អាទិទេព ទេវៈ អ្នកតា មនុស្ស សត្វ រុក្ខជាតិ បាតុភូត ធម្មជាតិ និងប្រភពពិធីគោរពបូជាផ្សេងៗ។ នៅក្នុងប្រពីណីនិមួយៗ។
ឧទាហរណ៍ រឿងអ្នកតាទឹកអ្នតាភ្នំ រឿងឃ្លោកអស្ចារ្យ។
អំពីល្បើកកថា
ល្បើកកថា  គឺជាប្រភេទមួយនៃតំនាលកថាប្រជាប្រិយ បកស្រាយតាមរយៈរឿងនូវ តំលៃជីវិត។ គតិនេះអាចចងជាស្លោក ឬសុភាសិតបាន។​ គេអាចនិយាយម៉្យាង ទៀតថា ល្បើកកថា គឺជាសុភាសិតខ្នាតវែង។ ល្បើកកថាមានលក្ខណៈវិនិច្ឆយ័ដូច តទៅ ៖
  • តួអង្គអាចជា មនុស្ស សត្វ អមនុស្ស។
  • រឿមានទំហំខ្លី។
  • រឿងសុទ្ធតែជាគតិនៃជីវិត ដែលអាចលើកជាពាក្យស្លោក ឬសុភាសិតបាន។
អំពីនិទានតថកថា
និទានតថកថា ៖ ជាតំនាលកថា ដែលនិយាយអំពីព្រិត្តិការណ៍ហាក់ដូចជាពិត ឬកើត ឡើងជាក់ស្តែងនៅក្នុងសង្គមមនុស្ស ។
ឧទាហរណ៍ រឿងមិត្តសាមិត្ត ( ថ្នាក់ទី៧ ) ជារឿងប្រឌិត តថកថា ព្រោះតួអង្គទាំងឡាយ និង ព្រិត្តិការណ៍ក្នុងរឿនេះ ជាការប្រឌិត​របស់អ្នកនិពន្ធ ហើយ ព្រិត្តិការណ៍នៅ ក្នុងរឿងនេះបាន​ឆ្លុះបញ្ចាំងពីជីវភាព​ជាក់ស្តែង របស់កសិករ​ខ្មែរ នាសម័យនោះ ។

ចំនាំ ឯរឿងមួយ​ចំនួន​ ដូចជារឿង «បុរសពីនាក់នៅជិតផ្ទះគ្នា»ជាដើម ពុំមែនជា​រឿង​តថកថាទេ ព្រោះបាននិយាយ ពីព្រិត្តិកាណ៍ និងកាលអាកាសដែលមិនអាចកើតមានបាននៅក្នុងសង្គមមនុស្ស។
តើតំនាលកថា និងប្រលោមកថា មានលក្ខណៈដូចគ្នា និងខុសគ្នាដូចម្តេចខ្លះ?
ក-អំពីលក្ខណៈដូច ៖ តំនាលកថា និង ប្រលោមកថា សុទ្ធតែមាន ចំណោទបញ្ហា កាលអាកាសតួអង្គ មូលន័យ និង ជាប្រភេទរឿងប្រឌិត ដូចគ្នា ។
ខ-អំពីលក្ខណៈខុសគ្នា  ៖
តំនាលកថា

ប្រលោមកថា
  • កើតមុន។
  • ទំហំរឿងខ្លីៗ អាចអានចប់ ក្នុងរយៈពេលខ្លី។
  • ចំណោទបញ្ហាមានតែមួយ
  • តួអង្គតិច( ពីរឬបី )
  • កាលអាកាសតែមួយមិនសុំាញុំា។

  • កើតក្រោយតំនាលកថា។
  • ទំហំរឿងវែង អាចអានចប់ក្នុងពេលយូរ។
  • ចំនោទបញ្ហាសុំាញុំាចែកជា ផ្នែកតូចៗទៀត។
  • តួអង្គច្រើន។
  • កាលអកាសរឿងច្រើនដូរពី កាលអាកាសមួយទៅកាលអា កាសមួយទៀតហើយស្មុគ ស្មាញ។

អំពីពិតកថា
ពិតកថា ​ ជារឿងដែលអ្នកនិពន្ធលើកព្រិត្តិការណ៍ពិតមកនិយាយដោយគ្មានបំភ្លៃ ឬបកស្រាយ យោបល់លើបញ្ហាអ្វីមួយ។ ពិតកថាមានច្រើនប្រភេទ៖  ជីវប្រវត្តកថា ស្វយ័ប្រវត្តិកថា  បទសាកល្បង ជាដើម។
អំពីជីវប្រវត្តិកថា
ជីវប្រវត្តិកថា គឺជាផ្នែកមួយនៃពិតកថា ដែលអ្នកនិពន្ធបានសសេររៀបរាប់ពីជិវិតពិត របស់មនុស្ស ណាម្នាក់។
ឧទាហរណ៍  សម្តេចព្រះសង្ឃរាជ ជួនណាត ទ្រង់ប្រសូត្រនៅថ្ងៃអង្គារ៍ ១រោច ខែផល្គុន ឆ្នាំវក ឆស័កពុទ្ធសរាជ ២៤២៧ ត្រូវនឹងថ្ងៃទី ១១ មីនា ឆ្នាំ១៨៨៣ នៅភូមិ កំរៀងសង្កាត់កកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ព្រះបិតានាម ជួន និង ព្រះមាតានាម យក់ ព្រះអង្គមានព្រះអនុជតែមួយគត់។
កាលព្រះជន ១៤វស្សា ព្រះអង្គបានចូលទៅសូមបព្វជាក្នុងទីវត្តពោព្រឹក្ស សង្កាត់រលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ២វស្សាក្រោយមក សម្តេច បានចូលទៅគង់នៅវត្តឧណ្ណាលោមក្រុងភ្នំពេញ ដើម្បីសិក្សាព្រះបរិបត្តិធម៌។ លុះគំរប់ ២១វស្សា ព្រះអង្គបានវិវត្តទៅបំពេញឧបសម្បទាជាភិក្ខុនៅវត្តពោព្រឹកវិញ។ អាស្រយ័ដោយសេចក្តីព្យាយាមដ៏មុះមុត ការសិក្សារបស់ព្រះអង្គចេះតែមានវិវឌ្ឍនភាពជឿនលឿនជានិច្ច រហូតដល់ ព្រះអង្គក្លាយជាមហាបណ្ឌិត ដឹកនាំពុទ្ធ័បរិស័ទ និង ជាអ្នកប្រាជ្ញចំបងខាងអក្សរសាស្រ្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។
ស្នាព្រះហស្ថដែលព្រះអង្គបានព្រះរាជនិពន្ធ វចនានុក្រម កច្ចាយនូបត្ថម្ភកៈ គហិបដិបត្តិ សាមណេរវិន័យ អត្ថបទជាច្រើនក្នុងទស្សាវដ្ដីកម្ពុជសុរិយា មាន បាដិមោក្ខសង្ខេបកាព្យលោកធម៏ និងសៀវភៅរាយរងដទៃទៀតជាច្រើន។ ដោយព្រះគុណសម្បត្តិ និងព្រះសមត្ថភាពដ៏កំពូលខាងវិស័យអក្សរសាស្រ្តនេះហើយ ទើបសម្តេចបានឡើងជាបណ្ឌិតអក្សរសាស្ត្រនៅថ្ងៃទី ២៨ ឧសភា ឆ្នាំ១៩៦៧ ។

          អត្ថបទខាងលើនេះមានប្រភេទជីវប្រវត្តិកថា ព្រោះអ្នកនិពន្ធបានសរសេរ រៀបរាប់ពីជីវិតពិត របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជាអ្នកប្រាជ្ញចំបង ខាងអក្សរសាស្រ្ត។
អំពីសុភាសិត
សុភាសិត ជាសំនួនប្រជាប្រិយខ្លីៗ ដែលមានលក្ខណៈជាការអប់រំទូន្មាន ជួនកាល មានតំលៃសកល អាចបកស្រាយបានយ៉ាងទូលំទូលាយ តាមន័យចំ និងទំហៀប ន័យធៀប។
ឧទាហរណ៍  ៖

  1. “ ម្រឹគទាំងឡាយមិនដែលបោលចូលមាត់ សីហៈ​ដែល ដេកលក់នោះទេ” ។ (ដកស្រង់ចេញពី ស្រីហិតោបទេស )
  2. កាងារជឃ្លាំងប្រាក់។
  3. សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់។
  4. អ្នកមានកុំអាលអរ អ្នកក្រកុំអាលភ័យ។
  5. តក់ៗពេញបំពង់។
  6. ធ្វើស្រែនិងទឹក ធ្វើសឹកនិងបាយ។
អំពីពាក្យស្លោក
ពាក្យស្លោក គឺជាពាក្យសំរាប់ប្រើមធ្យោបាយ ឃោសនាដើម្បីបញ្ចុះបញ្ចូល មហាជន។ ពាក្យស្លោកច្រើនមានន័យត្រង់ៗ ងាយចងចាំខុសពីសុភាសិត ។
ឧទាហរណ៍  ៖

  • ដាំដើមឈើមួយដើម គឺ បង្កើនជីវិតមួយ។
  • អង្គរវត្តជានិមិត្តរូបនៃព្រលឹងជាតិខ្មែរ។
  • បង្រួបបង្តួមជាតិ គឺ ឯកភាពជាតិ។
  • សន្តិភាព គឺ អភិវឌ្ឍន៍។

 

 

No comments:

Post a Comment