វប្បធម៌-ចំនេះដឹងទូទៅ
សុបិនយល់សម្រស់ស្នេហ៌
រដូវវស្សារុក្ខជាតិផ្កាដុះ រីកឡើងចម្រុះសម្រស់ស្រស់ស្រាយទាក់ទាញកន្លង់ចិត្តចង់កៀកកាយ គ្មានចិត្តជិនណាយរូបកាយបុប្ផា ។
ធម្មជាតិជីវិតគិតទៅដូចគ្នា នោះហើយពិតជាវាលវដ្តសង្សារ
ពេញរូបពេញវ័យកើតក្ដីស្នេហា បេះដូងប្រាថ្នាបុប្ផាម្ចាស់ស្នេហ៍ ។
មិនដែលជួបឡើយត្រាណត្រើយដឹងទេ ស្អាតដូចមាសមេឥតរេប្រួលប្រែ
ជួបអូនដំបូងធីងថូងលង់់ស្នេហ៍ ចិត្តចង់ថ្នមថែតែរូបស្រីម្នាក់ ។
បន់់ផ្សងទេវតាមេត្តាយល់ចិត្ត សូមលោកអាណិតដល់ចិត្តជំពាក់
បន្ទន់ចិត្តស្ងួននឹមនួនវល័ក្ខិណ៍ ព្រោះរៀមស្នេហ៍ជាក់សូមអ្នកករុណា ។
ទោះធ្វើយ៉ាងណារៀមរ៉ាតាមស្រី ឲ្យតែពិសីចរណៃស្នេហា
ស្ម័គ្រស្មោះស្នេហ៍ស្នងរូបបងសច្ចា ដើម្បីកន្និដ្ឋារៀមរ៉ាស៊ូក្ស័យ ។
ជាតិនេះជាតិក្រោយសូមឲ្យជួបពៅ ជួបស្នេហ៍ឆោមឆ្លៅរៀងទៅថ្លើមថ្លៃ
បងស្មោះអូនពិតគ្មានចិត្តការល័យ ស្មោះស្ម័គ្រចរណៃគ្មានថ្ងៃសាបសូន្យ ។
ស្នេហ៍ដែលរៀមរ៉ាប្រាថ្នាលើស្រី សូមឲ្យពិសីស្រីយល់ផងអូន
សុបិន្តយប់ហ្នឹងព្រលឹងស្ទើរសូន្យ យល់សូងឃើញអូនស្នេហ៍ស្ងួនដរាប ៕
និពន្ឋដោយ សៅ ពីងទូ (Tel:០៧៧ ៨២០ ៣៤៤)
ខ្ញុំចេះស្រឡាញ់…!
( បទពាក្យប្រាំបី )
ខ្ញុំចេះស្រឡាញ់សេចក្ដីស្នេហា ចេះចង់ប្រាថ្នាស្នេហាស្មោះសរមិនរើសវណ្ណះទោះមានឬក្រ ឲ្យតែស្មោះសរស្ម័គ្រស្មោះមរណា ។
ខ្ញុំចេះស្រឡាញ់ស្នេហាលើស្រី ស្រឡាញ់ភក្ដីដូចអ្វីប្រាថ្នា
ធ្លាប់បានគិតប៉ងផ្សងសុំស្នេហា ស្នេហ៍ឥតសាវ៉ាពេលណាជួបវា ។
ខ្ញុំចេះស្រឡាញ់ស្នេហ៍ដូចឯងគេ ស្រឡាញ់ឋិតថេរដូចគេគ្រប់គ្នា
មានចិត្តស្នេហ៍ស្នងនួនល្អងពុំងា ឧបសគ្គពុះពារទោះជាក្ស័យប្រាណ ។
ខ្ញុំចេះស្រឡាញ់ស្នេហាភក្ដី ស្រឡាញ់ស្រស់ស្រីថ្លើមថ្លៃកល្យាណ
មិនធ្លាប់គិតគួចលួចលាក់សណ្ដាន ក្ដីស្នេហ៍សារមាណនាំបានទុក្ខា ។
ខ្ញុំចេះស្រឡាញ់ស្នេហាបរិសុទ្ធ ស្នេហ៍មិនស្រយុដ្ឋឆ្លងផុតសោកា
គ្មានចិត្តគេចកលលុះដល់មរណា ស៊ូក្ស័យសង្ខារព្រោះស្នេហាស្រី ។
ខ្ញុំចេះស្រឡាញ់មិនចាញ់គេឡើយ ស្រឡាញ់ហ៊ានឆ្លើយសារភាពសម្ដី
មិនអៀនមិនខ្មាស់ប្រាស់ចាកអត្ថន័យ ស្រឡាញ់រូបស្រីហ៊ានស្ដីថាស្នេហ៍ ។
ខ្ញុំចេះស្រឡាញ់ការយោគយល់ចិត្ត ស្រឡាញ់អាណិតមានចិត្តថ្នមថែ
មានចិត្តស្មោះត្រង់ឥតមានប្រួលប្រែ ស្រឡាញ់ក្ដីស្នេហ៍គ្មានទេក្បត់ផិត ។
ខ្ញុំចេះស្រឡាញ់ទឹកចិត្តស្មោះត្រង់ ស្រឡាញ់ឆោមយង់ត្រង់អូនស្ម័គ្រពិត
ឥតមានកែខៃប្រល័យដួងចិត្ត ស្នេហ៍អូនស្មោះពិតបងឥតវៀចវេរ ។
ខ្ញុំចេះស្រឡាញ់ការទុកចិត្តជឿ ចេះមានជំនឿជឿលើមាសមេ
រូបបងស្នេហ៍អូនមាសស្ងួនឥតរេ នោះស្នេហ៍ឋិតថេរគ្មានទេបែកបាក់ ។
ខ្ញុំចេះស្រឡាញ់ស្មោះត្រង់ដាក់គ្នា គ្មានចិត្តរេរាទោះមានឧបសគ្គ
គ្មានអ្វីហាមបានទោះគុកច្រវ៉ាក់ ក៏ស្នេហ៍ស្មោះស្ម័គ្រនៅតែគង់វង្ស ។
សៅ ពីងទូ ខ្ញុំចេះស្រឡាញ់ស្រី ស្រឡាញ់ ប្រពៃ-ទំនៀម យូរលង់
ស្រឡាញ់នារី សំភីឆោមយង់ ស្រឡាញ់គង់វង្ស ទំលាប់-កូនខ្មែរ ៕
និពន្ឋដោយ សៅ ពីងទូ (Tel:០៧៧ ៨២០ ៣៤៤)
ខ្ញុំស្អប់សេ្នហា…!
(បទពាក្យប្រាំពីរ)
ខ្ញុំស្អប់សេ្នហាប្រុសនិងស្រី សេ្នហ៍គ្មានភក្ដីទេលើលោកស្នេហ៍ធ្វើឲ្យមានចិត្តស្មោកគ្រោគ ស្នេហ៍ពិតលើលោកគឺគ្មានទេ ។
ខ្ញុំស្អប់សេ្នហាពេលណានឹក រាល់ពេលល្ងាចព្រឹកនឹករូបគេ
ដឹងហើយថាឈឺគ្មានទំនេរ ព្រោះយើងស្នេហ៍គេគេកន្តើយ ។
ខ្ញុំស្អប់សេ្នហាពេលណាឈឺ មិនចង់ដឹងលឺម្ដងណាឡើយ
រាល់ពេលគិតដល់ខ្វល់ឥតស្បើយ ស្នេហានេះហើយឲ្យឈឺផ្សារ ។
ខ្ញុំស្អប់សេ្នហាពេលណាគិត ក្ដុកក្ដួលក្នុងចិត្តរឹតឱរា
គិតឃើញម្ដងៗខ្វល់ចិន្ដា នឹកឡើងពេលណាផ្សារក្នុងចិត្ត ។
ខ្ញុំស្អប់សេ្នហាពេលណាជួប រាល់ថ្ងៃខែខួបជួបឲ្យគិត
មិនដែលធូរស្បើយឡើយដួងចិត្ត នេះហើយការពិតរឿងស្នេហា ។
ខ្ញុំស្អប់សេ្នហាពេលណាចុក មិនដែលបានសុខទុក្ខឯកា
ព្រោះតែកើតមានស្នេហ៍ប្រេះឆា ធ្វើឲ្យឱរាឈឺផ្សារក្រៃ ។
ខ្ញុំស្អប់សេ្នហាពេលណាដេក ចិត្តនៅសង្វេគស្រែករកថ្លែ
ឃើញច្បាស់ថាគេអស់អាល័យ ទោះនឹកចរណៃគ្មានបានការ ។
ខ្ញុំស្អប់សេ្នហាពេលណាឈរ ខំប្រឹងត្រដររកកន្និដ្ឋា
តែគេមិនវិលវិញឡើយណា នោះហើយបញ្ហាស្នហាខ្លី ។
ខ្ញុំស្អប់សេ្នហាពេលណាអង្គុយ ធ្វើមុខទុយមុយនឹកស្រស់ស្រី
ចង់ឲ្យគេវិលវិញជាថ្មី មិនគិតថាស្រីឬស្សាឡើយ ។
ខ្ញុំស្អប់សេ្នហាពេលណារអា នឹកឃើញពេលណាផ្សារឥតស្បើយ
ខ្ញុំសូមស្មារលាស្នេហាហើយ មិនចង់ជួបឡើយស្នេហាទុក្ខ ។
សៅ ពីងទូខ្ញុំស្អប់ស្នេហា ស្អប់មិនប្រាថ្នាស្នេហាទុក្ខ
បន់ផ្សងឲ្យបានស្នេហាសុខ ស្នេហាមានទុក្ខស៊ូរស់ឯកា ។
No comments:
Post a Comment